KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ក្រែម​លាប​ឱ្យ​ស្បែក​ស​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គុណប្រយោជន៍

នៅ​ប្រទេស​កម្ពុជា​ការប្រើប្រាស់​ក្រែម​លាប​ស្បែក​ឱ្យ​ស​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ស្រ្តី​ដែល​ចង់​បាន​សម្បុរ​ភ្លឺ​ជ្រះ​ជាង​ធម្មជាតិ។ (រូបថត៖ google-image)

នៅ ប្រទេស កម្ពុជា ការប្រើប្រាស់ ក្រែម លាប ស្បែក ឱ្យ ស កំពុង ពេញ និយម ក្នុង ចំណោម ស្រ្តី ដែល ចង់ បាន សម្បុរ ភ្លឺ ជ្រះ ជាង ធម្មជាតិ។ (រូបថត៖ google-image)

នៅ​ប្រទេស​កម្ពុជា​ការប្រើប្រាស់​ក្រែម​លាប​ស្បែក​ឱ្យ​ស​កំពុង​ពេញ​និយម​ ក្នុង​ចំណោម​ស្រ្តី​ដែល​ចង់​បាន​សម្បុរ​ភ្លឺ​ជ្រះ​ជាង​ធម្មជាតិ។ ប៉ុន្តែ​មាន​ស្រ្តី​មួយ​ចំនួន​ត្រូវ​គេ​អះអាង​ថា​បាន​ស្លាប់​កាលពី​ពេល​ ថ្មីៗ​នេះ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ប្រភេទ​នេះ។

នាង​ធីតា​ វីន​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​ជាមួយ​លោក​បណ្ឌិត​ ថូម៉ាស មឺហ្វី អ្នក​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​និង​ជា​សហ​នាយក​មន្ទីរ​ពិសោធន៍​នៃ​ សាកលវិទ្យាល័យ​សុខាភិបាល​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ តទៅ​នេះ​ជាបទ​សម្ភាស​រវាង​នាង​ធីតា​ វីន ជាមួយ​នឹង​លោក​ថូម៉ាស មឺហ្វី។

សំណួរ៖ សូម​ជម្រាប​សួរ​លោក ​ថូម៉ាស​ មឺហ្វី ​តើ​លោក​បាន​ធ្វើ​ពិសោធ​លើ​គ្រឿង​សំអាង​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ​យើង​ប្រើ​ឧបករណ៍​ញែក​សារធាតុ​គីមី​យួរ​ដៃ​ ដែល​មាន​ប្រសិទ្ធភាព​បំផុត។​ វា​គឺ​ជា​ម៉ាស៊ីន​ពិសេស​សម្រាប់​ញែក​រក​សារធាតុ​លោហធាតុ​និង​សារធាតុ​ទាំង​ ឡាយ​ណា​ដែល​គេ​ប្រើ​សម្រាប់​លាយ​ក្នុង​ក្រែម​លាប​ស្បែក។ ​លទ្ធផល​ទទួល​បាន​គឺ​លឿន​មែនទែន។ ​ យើង​ធ្វើ​ការពិសោធ​លើ​ក្រែម​លាប​ស្បែក​ទាំង​ឡាយ​ណា​ ដែល​ក្រុម​និស្សិត​ស្រី​ៗ​នាំ​យក​មក។ ​យើង​ចង់​ពិសោធ​លើ​ក្រែម​លាប​ស្បែក​ឲ្យ​ស។ ​យើង​បាន​ពិសោធ​លើ​ក្រែម​បញ្ចុះ​ទម្ងន់​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​ហើយ​ជួន​ កាល​ពួក​គាត់​នាំ​យក​ពិសោធន៍​នូវ​សារធាតុ​សម្រាប់​ប្ដូរ​ពណ៌។ ​ប៉ុន្ដែ​ភាគ​ច្រើន​គឺ​យើង​ពិសោធ​លើ​ក្រែម​សម្រាប់​លាប​ឲ្យ​ស្បែក​ស។

សំណួរ៖ តើ​ហេតុអ្វី​បាន​ជា​លោក​ធ្វើការ​ពិសោធ​ទៅ​លើ​គ្រឿង​សំអាង​ទាំង​នោះ​ដែរ?

ថូម៉ាស មឺហី្វ៖ បាទ!​ នេះ​គឺ​ជា​បញ្ហា​ដែល​គេ​ដឹង​ឮ​ពាសពេញ​ពិភពលោក​ដែល​ថា​ក្រែម​លាប​ស្បែក​ជា​ ទូទៅ​មាន​សារធាតុ​បារ៉ត​ហើយ​យើង​ធ្វើ​ការសិក្សា​នេះ​ នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​កាល​ពី​ពីរ​បី​ឆ្នាំ​មក​ហើយ។ ​ហើយ​យើង​ចង់​សិក្សា​វា​ជាមួយ​នឹង​និស្សិត​ឲ្យ​បាន​ច្រើន​ហើយ​អប់រំ​ពួក​គេ​ ពី​បញ្ហា​ប្រឈម។ ​ហើយ​វា​ហាក់​ដូច​ជា​ថា​មាន​ការប្រើប្រាស់​ក្រែម​កាន់​តែ​ច្រើន​ឡើងៗ​ បើ​ធៀប​ទៅ​នឹង​ការចាប់ផ្ដើម​សិក្សា​របស់​យើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ ទៅ​ហើយ​ប្រហែល​ជា​មួយ​ឆ្នាំ​មុន​យើង​ធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​ស្រ្ដី​ វ័យក្មេង​ម្នាក់​ទំនង​ជា​បាន​ស្លាប់​បន្ទាប់​ពី​បាន​ប្រើប្រាស់​ក្រែម​ដែល​ មាន​សារធាតុ​បារ៉ត។​ ដូច្នេះ​យើង​ចង់​ស្វែង​យល់​ពី​វា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ពីព្រោះ​នៅ​ ពេល​ដែល​យើង​កំពុង​ធ្វើ​ការស្រាវជ្រាវ​នោះ​ មាន​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​ទៀត​បាន​ស្លាប់។​ ដូច្នេះ​យើង​ចង់​អប់រំ​ស្ដ្រី​វ័យក្មេង​អំពី​ការប្រឈម​នឹង​គ្រោះថ្នាក់។ ​មាន​ស្ដ្រី​ក្មេងៗ​មួយ​ចំនួន​បាន​ទិញ​វា​ហើយ​វា​ហាក់​ដូច​ជា​កាន់​តែ​ពេញ​ និយម។ ​យើង​គិត​ថា ​ក្មេង​ស្រី​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នោះ​ មិន​អាច​លៃលក​ទិញ​ក្រែម​ទាំង​នេះ​សម្រាប់​ប្រើប្រាស់​បាន​ទេ។​ មាន​ស្ដ្រី​ជាង​ពាក់​កណ្ដាល​នៅ​ប្រទេស​ថៃ​ប្រើប្រាស់​ក្រែម​សំអាង។​ ហើយ​វា​កំពុង​វិវត្តន៍​ដូច​នៅ​ប្រទេស​ថៃ​ដែរ។

សំណួរ៖ បន្ទាប់​ពី​លោក​ធ្វើ​ការពិសោធ​ហើយ​ តើ​លោក ​ថូម៉ាស មឺហ្វី ​រក​ឃើញ​សារធាតុ​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ យើង​បាន​រក​ឃើញ​ចំនួន​សារធាតុ​បារ៉ត​ យ៉ាង​ច្រើន​ក្នុង​ទឹកនោម​របស់​ស្ដ្រី​មួយ​ចំនួន​ ដែល​អាច​បង្ហាញ​ថា ​នេះ​គឺ​ជា​បញ្ហា។ ​ស្ដ្រី​មួយ​ចំនួន​ឈឺ​ ប៉ុន្ដែ​យើង​មិន​អាច​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ពួក​គាត់​ឈឺ។​ នេះ​បង្ហាញ​ថា ​សារធាតុ​បារ៉ត​មាន​វត្តមាន​ ប៉ុន្ដែ​យើង​មិន​ដែល​សិក្សា​ដើម្បី​ឲ្យ​ដឹង​ថា ​បុគ្គល​នោះ​ឈឺ​ដោយសារ​ជាតិ​បារ៉ត​នោះ​ទេ។​ នោះ​គឺ​ជា​អ្វី​មួយ​ដែល​ស្ដ្រី​ជា​ច្រើន​មិន​បាន​យល់។ ​យើង​ឃើញ​ថា ​ភាគច្រើន​គឺ​សារធាតុ​បារ៉ត។​ ប៉ុន្ដែ​វា​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ នៅ​ក្នុង​ក្រែម​ហើយ​យ៉ាង​ហោច​ណាស់​មាន​សារធាតុ​គីមី​បួន​មុខ​ទៀត​នៅ​ក្នុង​ ក្រែម​លាប​ស្បែក។​ នៅ​ពេល​ដែល​ពួក​គេ​បន្ថែម​វត្ថុ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ ដើម្បី​បង្កើន​សារធាតុ​ថ្នាំ​ចូល​ទៅ​ក្នុង​ស្បែក​ នោះ​គឺ​ជា​ការបន្ថែម​ភាពស្មុគ្រស្មាញ​កាន់​តែ​ច្រើន។ ​ភាគ​ច្រើន​នៃ​ក្រែម​លាប​ស្បែក​ទាំង​នេះ​ផលិត​ដោយ​អ្នក​គីមី​វិទ្យា​ធម្មតា​ ហើយ​មួយ​ភាគ​បី​ នៃ​ក្រែម​មាន​សារធាតុ​ពុល ​ដែល​ក្រែម​ទាំង​នោះ​បាន​មក​ពី​ហាង​កែសម្ផស្ស។ ​ម្យ៉ាង​ទៀត​ នៅ​ពេល​ដែល​មាន​ការបណ្ដុះ​បណ្ដាល​តិចតួច​ ហើយ​ពួកគេ​ប្រើប្រាស់​ជាតិ​គីមី​ខ្លាំងៗ ​ដូច្នេះ​ អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ដោយ​មាន​បុគ្គល​ ធ្វើ​ផលិតផល​បែប​នេះ​ដោយ​មិន​មាន​ការ​បណ្ដុះ​បណ្ដាល ​និង​ដោយ​មិន​មាន​ការត្រួត​ពិនិត្យ។

សំណួរ៖ តើ​សារធាតុ​ទាំង​នោះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ​ឬ​គ្រោះថ្នាក់​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់​ដែរ?

ថូម៉ាស មឺហី្វ ៖ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ហើយ​បញ្ហា​ដែល​ញឹកញាប់​ជាង​គេ​គឺ​ សារធាតុ​បារ៉ត​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​ខុស​សង្វាក់។​ បញ្ហា​ទីពីរ​គឺធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រលៀន​ហើយ​នេះ​ គឺ​ជា​ការព្រួយ​បារម្ភ​មួយ​ហើយ​ការប្រើប្រាស់​សារធាតុ​បារ៉ត​ជ្រុលហួស​អាច​ ធ្វើ​ឲ្យ​ស្លាប់​បាន។ ​វា​មិន​មែន​ជា​ករណី​ញឹកញាប់​ទេ​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​គឺ​យ៉ាង​ហោច​ណាស់​មាន​ពីរ​នាក់​ ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​អ្នកស្លាប់​ច្រើន​ជាង​នេះ។ ​ដូច្នេះ​ការស្លាប់ ​ការបណ្ដាល​ឲ្យ​មនុស្ស​មិន​អាច​គិត​អ្វី​បាន​ច្បាស់​ស្រឡះ​ល្អ​ គឺ​ជា​ផលវិបាក​ញឹកញាប់ ​ជាង​គេ​ដែល​បណ្ដាល​មក​ពី​សារធាតុ​បារ៉ត​ ហើយ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ក្លាយ​ទៅ​ជា​ឆេវឆាវ ​ឆាប់​ខឹង​ដោយសារ​បញ្ហា​នេះ​ដែរ។​ ដូច​ជា ​ពួក​គេ​មិន​អាច​មាន​អារម្មណ៍​ស្ងប់​និង​ពួកគេ​អន់​ចិត្ត​ជា​ដើម។​ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​តិចតួច​ ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត។ ​ខ្ញុំ​គិត​ថា ​វា​មិន​សាមញ្ញ​ពេក​នោះ​ទេ។ ​ខ្ញុំ​គិត​ថា​ មិន​មាន​អ្នក​រងគ្រោះ​រហូត​ដល់​រាប់រយ​នាក់​នោះ​ទេ។​ ខ្ញុំ​គិត​ថា ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​បួន​នាក់​ ប៉ុន្ដែ​មិន​ច្រើន​ជាង​១០០ ​នាក់​នោះ​ឡើយ។

សំណួរ៖ ហេតុអ្វី​បាន​ជា​សារធាតុ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ បាទ‌!​ ក្នុង​ករណី​ពួកគេ​ចង់​ឲ្យ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជ្រាប​ចូល​ ក្នុង​ស្បែក​ វា​នឹង​រាំង​ខ្ទប់​ការផលិត​សារធាតុ​ពណ៌​ខ្មៅ​របស់​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ទៅ​ជា​ពណ៌ត្នោត។ ​ដូច្នេះ​សារធាតុ​គីមី​ឆ្លងកាត់​ស្បែក​ហើយ​ទៅ​ប្ដូរ​សារធាតុ​គីមី​វិទ្យា​ នៃ​ផ្នែក​ខាង​លើ​របស់​ស្បែក។ ​ ពណ៌​ត្នោត​នៃ​ស្បែក​របស់​មនុស្ស​ប្រើ​សម្រាប់​ការពារ​កាំរស្មី​ពណ៌ស្វាយ ​(UV light)។​ ហើយ​គេ​ធ្វើ​បែប​នេះ​ដោយ​ពួក​គេ​ដឹង​ថា ​សារធាតុ​គីមី​មួយ​ចំនួន​មាន​ជាតិ​ពុល ​ហើយ​គេ​រាំង​ខ្ទប់​ការបញ្ចេញ​ប្រតិកម្ម​របស់​ស្បែក។ ​ហើយ​ប្រតិកម្ម​ទៅ​លើ​ស្បែក​នោះ​គឺ​ជា​សារធាតុពុល។ គេ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​ស ​ប៉ុន្ដែ​គេ​មិន​អាច​ការពារ​ផ្នែក​ផ្សេង​ទៀត ​នៃ​រាងកាយ​របស់​គេ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​បាន​យក​មក​ពិសោធន៍​ហ្នឹង​ ជា​គ្រឿង​សំអាង​ប្រភេទ​លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ​ក៏​គ្រឿង​សំអាង​​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស?

ថូម៉ាស មឺហី្វ ៖ ជួនកាល​យើង​មិន​អាច​ដឹង​បាន​ទេ។​ មាន​អ្វី​មួយ​ដែល​គេ​ផលិត​ខុស​ច្បាប់។ ​ផលិតផល​ទាំង​នោះ​ មើល​ទៅ​ហាក់​ដូច​ ជា​ផលិត​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ប៉ុន្ដែ​ខ្ញុំ​មិន​ជឿ​ថា ​វា​ផលិត​ចេញ​ពី​ទី​នោះ​ទេ។ ​និយាយ​មែនទែន​ទៅ​ មាន​ក្រែម​មួយ​ចំនួន​ដូច​ជា​នាំចូល​ពី​ប្រទេស​ចិន​ តៃវ៉ាន់ ​វៀតណាម​ ថៃ ​ប៉ុន្ដែ​យើង​មិន​ដឹង​ប្រាកដ​នោះ​ទេ​ ឬ​ក្រែម​មួយ​ចំនួន​នោះ​អាច​ត្រូវ​បាន​ផលិត​នៅ​កម្ពុជា។ ​ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​សិក្សា​ស្របច្បាប់​ទេ។ ​ខ្ញុំ​ដឹង​ប្រាកដ​ថា​ ក្រែម​មួយ​ចំនួន​ផលិត​នៅ​ប្រទេស​កម្ពុជា។ ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​បញ្ជាក់​ភស្ដុតាង​បាន​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។​ ក្រែម​មួយ​ចំនួន​ទំនង​ជា​ផលិត​នៅ​កម្ពុជា ​ប៉ុន្ដែ​ពួកគេ​បែរ​ជា​ដាក់​ស្លាក​ថា ​ផលិត​នៅ​ប្រទេស​ផ្សេង​ៗ​ទៅ​វិញ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​ ថូម៉ាស មឺហ្វី ​​បាន​ប្រមូល​យក​មក​ធ្វើ​ការពិសោធ​នេះ​ បាន​ប្រមូល​យក​មក​ពី​ទី​កន្លែង​ណា​ខ្លះ​ដែរ​ទៅ?

ថូម៉ាស មឺហី្វ៖ ក្រុម​និស្សិត​ពេទ្យ​បាន​ទៅ​ទិញ​នៅ​តាម​កន្លែង​ជា​ច្រើន​រាប់​ទាំង​ខេត្ត​ សៀមរាប ​បាត់ដំបង​ផង​ដែរ។ ​ប៉ុន្ដែ​ភាគច្រើន​ទិញ​នៅ​ភ្នំពេញ។ ​ពួកគេ​ទិញ​នៅ​តាម​ផ្សារ​ ជួន​កាល​ពួក​គេ​ទិញ​នៅ​កន្លែង​កែ​សម្ផស្ស ​ក្រែម​កែ​សម្ផស្ស​ទាំង​នោះ​ជួន​កាល​ថ្លៃ​ណាស់​គឺ​ចាប់​ពី​ ២០​ ទៅ​១០០ ​ដុល្លារ​ឯ​ណោះ។

សំណួរ៖ តើ​គ្រឿង​សំអាង​ទាំង​នោះ​ប្រើ​សម្រាប់​អ្វី​ខ្លះ?

ថូម៉ាស មឺហី្វ៖ ក្រែម​ការពារ​កំដៅ​ថ្ងៃ​ចំនួន​តិច​តួច​ណាស់​ ដែល​យើង​ឃើញ​មាន​ជាតិ​បារ៉ត។ ​វា​មិន​ត្រូវ​ការ​ដាក់​ជាតិ​បារ៉ត​នោះ​ទេ។​ ប៉ុន្ដែ​បញ្ហា​ធំ​បំផុត​នោះ​ គឺ​ក្រែម​សម្រាប់​ធ្វើ​ឲ្យ​ស្បែក​ស។ ​មាន​ស្ដ្រី​ខ្លះ​ដែល​យើង​បាន​ជួប​សម្ភាស​បាន​ប្រើប្រាស់​ក្រែម​នេះ​ តែ​លើ​ផ្ទៃ​មុខ​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្ដែ​ស្ដ្រី​ផ្សេង​ទៀត​ លាប​ក្រែម​ទាំង​នោះ​ពេញ​ខ្លួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។​ ហើយ​កាលណា​ពួក​នាង​ប្រើ​កាន់​តែ​ច្រើន​ ការប្រឈម​នឹង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង។​ ប្រសិន​បើ​មាន​ការប្រើប្រាស់​លើ​ខ្លួន​កាន់​តែ​ច្រើន​ជា​ពិសេស​សម្រាប់​ ឱកាស​ពិសេស​ដូច​ជា​មុន​ពិធី​មង្គលការ​ជា​ដើម​ដែល​មាន​ស្ដ្រី​ពីរ​នាក់​ បាន​ស្លាប់​ក្នុង​ករណី​ដូច្នេះ ​ដោយសារ​ការប្រើប្រាស់​ក្រែម​ដូច្នេះ​ច្រើន​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់។

សំណួរ៖ បន្ទាប់​ពី​ការរក​ឃើញ​សារធាតុ​មួយ​ចំនួន​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​បែប​នេះ​ហើយ ​តើ​ការពិសោធន៍​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ប្រសិន​បើ​នៅ​ប្រទេស​កាណាដា ​ឬ​នៅ​សហរដ្ឋ​អាមេរិក​ យើង​អាច​បញ្ជូន​ស្ដ្រី​រងគ្រោះ​ ដោយសារ​ជាតិ​បារ៉ត​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ ក៏ប៉ុន្ដែ​ នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ដូច​គ្នា​ទេ។ ​ពីព្រោះ​គឺ​ជា​អ្វី​មួយ​ដែល​ពិបាក​ធ្វើ ​ហើយ​ការព្យាបាល​មាន​តម្លៃ​ថ្លៃ​ទៀត។

សំណួរ៖ បើសិន​ជា​មិន​មាន​វិធានការណ៍​ទប់ស្កាត់​ការលក់​ផលិតផល​គ្រឿង​សំអាង​បែប​នេះ​ ទៀត​នោះ​ទេ​ តើ​វា​ផ្តល់​ផលវិបាក​ដូច​ម្តេច​ខ្លះ​ ដែរ​ចំពោះ​អ្នក​ប្រើប្រាស់ ​ឬ ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ?

ថូម៉ាស មឺហី្វ ៖ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ស្រួល​បំផុត​នៅ​កម្ពុជា​ គឺ​ថា​ ប្រាប់​ដល់​ពួក​គេ​ឲ្យ​ឈប់​ប្រើប្រាស់​ក្រែម​ដែល​មាន​សារធាតុ​បារ៉ត​ទាំង​ នោះ។​ យើង​សង្ឃឹម​ថា​ នឹង​មាន​អ្នក​វិទ្យាសាស្ដ្រ​ច្រើន​ជាង​នេះ ​មាន​ឧបករណ៍​ពិសោធន៍​ប្រសើរ​ជាង​នេះ ​និង​មាន​ការត្រួត​ពិនិត្យ​លើ​ក្រែម​ប្រសើរ​ជាង​នេះ។ ​ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា ​និង​ នៅ​ប្រទេស​វៀតណាម​ គ្រោះថ្នាក់​ដោយសារ​បញ្ហា​នេះ​ខ្ពស់​ណាស់។ ​មធ្យោបាយ​តែ​មួយ​គត់​គឺ​ឈប់​ប្រើប្រាស់​ក្រែម ​ធ្វើ​ឲ្យ​ស្បែក​ស​ត​ទៅ​ទៀត៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ